សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១ ២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ សម្រេច​បាន ៩០ភាគរយហើយ

សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១ ២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ សម្រេច​បាន ៩០ភាគរយហើយ

ការសាងសង់សំណង់ការពារ​ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន​ ខេត្តកណ្តាល សម្រេច​បានប្រមាណ ៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហាខាងមុខនេះ។ នេះបើតាមឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួង បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែមិថុនានេះ លោក ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ​កសាងច្រាំងទន្លេ​ និង​វាយតម្លៃ​បញ្ចប់សុពលភាព ​គម្រោង​ការពារច្រាំង​ទន្លេនិង​ព្រែក​ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

តាមដានជាមួយយើង៖ Million Times

​ក្រុមការងារ បានចុះពិនិត្យ​គម្រោងការពារច្រាំងទន្លេ និងព្រែក ចំនួន ៣ទីតាំង៖ ទី១. គម្រោង​ការពារច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ស្ថិតនៅភូមិរការកោង ឃុំរការកោង ១ ស្រុកមុខកំពូល ក្រោយចប់ធានាគុណភាព រយ:ពេល ១២ខែ ទី២. គម្រោងការពារច្រាំងព្រែកត្នោតប្រវែង ២៤០ ម៉ែត្រ ស្ថិតនៅភូមិតាខ្មៅ ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល ១២ខែ ទី៣. គម្រោងការពារច្រាំងព្រែកកុយប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល១២ខែ។

តាមក្រសួងធនធានទឹក គម្រោងទាំង ៣ ទីតាំងខាងលើ គឺរក្សាគុណភាពបានល្អដដែល។ ចំណែកវឌ្ឍនភាពការងារសាងសង់សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន​ ខេត្តកណ្តាល គិតមកដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​ ២០២៤​ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។

ក្នុងនោះការងារសម្រេចបានរួមមាន៖​ ទី១. ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន ១០០ភាគរយ ទី២. ការងារបុកស្ពាន់ផាយសម្រេចបាន ១០០ភាគរយ ទី៣. ​ការងារបុកស៊ីតផាយសម្រេចបាន ១០០ភាគរយ ទី៤. ការងារបេតុងអាមេសម្រេចបាន ៨០ភាគរយ ទី៥. ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេច​បាន ៨០ភាគរយ ទី៦. ការងារបំពេញដីសម្រេចបាន ៩៨ភាគរយ និង​ទី៧. ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក