មន្ត្រីជាន់ខ្ពស់ ចុះពិនិត្យទីតាំងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

មន្ត្រីជាន់ខ្ពស់ ចុះពិនិត្យទីតាំងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះពិនិត្យទីតាំងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ។  

តាមគម្រោងសម្រាប់ត្រៀមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ គឺស្ថិតនៅទីតាំងដើមទីនៃព្រែកតាកែវ ខេត្តកណ្តាល នាដើមខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃទី ៦ ខែមិថុនាថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ខាង ដោយក្រុមហ៊ុន បានកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយ និងត្រៀមលក្ខណៈ សម្ភារៈ ឧបករណ៍ និងមធ្យោបាយនានារួចរាល់ហើយដែរ។

សម្ដេចនាយករដ្ឋមន្ត្រី​ បានបន្តថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មិនមែនជាការខ្ចីលុយបរទេសដើម្បីសាងសង់នោះទេ គឺជាការវិនិយោគឯកជន តាមរយៈ BOT ដោយរដ្ឋាភិបាលមិនចំណាយលុយសាងសង់ឡើយ។ គម្រោងនេះ មានការវិនិយោគពីជនជាតិខ្មែរចំនួន ៥១ភាគរយ និងក្រុមហ៊ុនចិនចំនួន ​៤៩ភាគរយ។  

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ប្រមាណ ១ ៧០០លានដុល្លារអាមេរិក ដោយត្រូវ​ប្រើពេលវេលា ៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម