រដ្ឋាភិបាលយកថ្ងៃកំណើតសម្តេច ហ៊ុន សែន ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

រដ្ឋាភិបាលយកថ្ងៃកំណើតសម្តេច ហ៊ុន សែន ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នៅទីបំផុតគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលយកថ្ងៃកំណើតរបស់សម្តេច ហ៊ុន សែន អតីតនាយកដ្ឋមន្រ្តី ជាថ្ងៃចាប់ផ្តើមគម្រោងប្រវត្តិសាស្រ្តនៃវិស័យនាវាចរណ៍ ភស្តុភារកម្ម​និងដឹកជញ្ជូន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែមិថុននេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា គ្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចំថ្ងៃខួបកំណើតរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

តាមដានជាមួយយើង៖ Million Times

សម្តេចមានប្រសាសន៍ថា «ការបើកការសាងសង់គ្រោងនេះ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មិនចាំបាច់ដល់មួយឆ្នាំ ខួបបង្កើតរដ្ឋាភិបាលថ្មីនោះទេ។ កន្លែងរៀបចំពិធីយើងបានរៀបចំរួចហើយ ដូចជាសម្ភារ ឧបករណ៍ មធ្យោបាយរៀបចំរួចហើយ អីចឹងអ្នកណាដែលខំឃោសនាថាយើងធ្វើមិនរួចយកល្អមិនបាច់ខំទេនាំតែហត់»។

ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស ១០០ភាគរយទៀតហើយ គឺក្រុមហ៊ុនខ្មែរជាអ្នកកាន់ទុនភាគច្រើន គឺចាប់ពី៥១ភាគរយឡើងទៅ។ សម្តេចបញ្ជាក់ថា  ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីក រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។

គួរឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវជីកដោយតភ្ជាប់ផ្លូវទឹករវាងទន្លេសាបទៅកាន់សមុទ្រដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី