ពេលដ៏ខ្លីខាងមុខលែងពិបាករអិលទៀតហើយផ្លូវជាតិលេខជាតិ១០ឆ្លងកាត់ភ្នំសម្រេចសាងសង់បានប្រមាណ ៨៣%

ពេលដ៏ខ្លីខាងមុខលែងពិបាករអិលទៀតហើយផ្លូវជាតិលេខជាតិ១០ឆ្លងកាត់ភ្នំសម្រេចសាងសង់បានប្រមាណ ៨៣%

ការស្ថាបនាផ្លូវជាតិលេខ១០ វាលវែង-សំឡូត-កោះកុង និងស្ពានខ្ពស់ជាងគេសម្រេចការងារសាងសង់បានប្រមាណ ៨៣%នៃគម្រោងទាំងមូល ហើយអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ខេត្ត គឺខេត្តបាត់ដំបង-ពោធិ៍សាត់ និងកោះកុង មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

លោកបន្តថា ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ),ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

បើតាមលោក ផន រឹម គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩​ គ្រោងនឹងបញ្ចបការសាងសង់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ហ្វេសប៊ុកលោក ផន​ រឹម