រដ្ឋមន្ត្រីរៀបចំដែនដី លើកឡើងពីការរៀបចំទីក្រុង ដោយផ្អែកលើសក្តានុពលនៃតំបន់នីមួយៗ

រដ្ឋមន្ត្រីរៀបចំដែនដី លើកឡើងពីការរៀបចំទីក្រុង ដោយផ្អែកលើសក្តានុពលនៃតំបន់នីមួយៗ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកឡើងអំពីការរៀបចំទីក្រុង ដោយត្រូវពិនិត្យមើលថាតើសក្តានុពលនៃតំបន់នីមួយៗមានអ្វីខ្លះ រួចត្រូវគិតគូររៀបចំការអភិវឌ្ឍទីក្រុង និងលំនៅឋានស្របតាមសក្ដានុពល​នៃតំបន់នីមួយៗ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកាជាតិលើកទី ២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” កាលពីចុងខែឧសភាកន្លងទៅនេះ។

តាមដានជាមួយយើង៖ Million Times

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងវេទិកានេះថា កម្ពុជា ត្រូវរៀបចំក្រុងឲ្យមានសោភ័ណភាព មានលម្ហសាធារណៈ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត។ ក្នុងនោះ មានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងត្រូវរៀបចំទីក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់យើង ដូចជា តំបន់ឆ្នេរ តំបន់ភាគឦសាន រាជធានីភ្នំពេញ តំបន់ខាងជើងបឹងទន្លេសាប ដោយត្រូវពិនិត្យមើលថាតើសក្តានុពលនៃតំបន់នីមួយៗមានអ្វីខ្លះ រួចត្រូវគិតគូររៀបចំការអភិវឌ្ឍទីក្រុង និងលំនៅឋានស្របតាមសក្ដានុពល​នៃតំបន់នីមួយៗ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែឆាប់រហ័ស លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។

នៅក្នុងឱកាសដដែលនេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏បានបង្ហាញអំពីបំណងចង់ប្រែក្លាយរាជធានីភ្នំពេញ ទីក្រុងកែប ក្រុងកំពត ក្រុសៀមរាប និងក្រុងក្រចេះ ជាទីក្រុងដែលមានភាពស្មើមុខស្មើមាត់ ជាមួយទីក្រុងក្នុងតំបន់អាស៊ាននាឆ្នាំ ២០៥០ រួមទាំងផ្ដល់នូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងប្រទេស រស់នៅពោរពេញដោយមោទនភាព ក៏ដូចជាមានប្រជាជនក្នុងតំបន់ និងពិភពលោកចង់មករស់នៅក្នុងទីក្រុងនានា នៃប្រទេសកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី