រដ្ឋមន្រ្តី២រូប កំពុងពួតដៃគ្នាពិនិត្យបច្ចេកទេសសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ

រដ្ឋមន្រ្តី២រូប កំពុងពួតដៃគ្នាពិនិត្យបច្ចេកទេសសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ

នៅប៉ុន្មានខែខាងមុខនេះ ពោលគឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានឹងបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការដែលមានប្រវែង១៨០គីឡូម៉ែត្រ តភ្ជាប់ទន្លេសាបពីខេត្តកណ្តាលទៅកាន់សមុទ្រខេត្តកែប។

ដើម្បីជំរុញការងារសាងសង់ រដ្ឋមន្រ្តីចំនួន២រូបបានពួតដៃគ្នាពិភាក្សាលម្អិតពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ គឺលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំនេះដើម្បីពិនិត្យ និងពិភាក្សាលើការងារបច្ចេកទេស ព្រមទាំងពង្រឹងបន្ថែមនូវកិច្ចសហការរវាងក្រសួងទាំងពីរលើការងារបច្ចេកទេស ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យទទួលបាននូវប្រសិទ្ធភាព បម្រើផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ។

សូមជម្រាបថា ក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន CIECC បានសិក្សាអំពីភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។ 

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។ 

ក្រុមហ៊ុន CIECC បានបញ្ជាក់ថា តាមការសិក្សាយ៉ាងលម្អិតបច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ