គោលដៅរំដោះចរាចរណ៍រដ្ឋសម្រេចបង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ផ្លូវចំការដូង

គោលដៅរំដោះចរាចរណ៍រដ្ឋសម្រេចបង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ផ្លូវចំការដូង

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើតផ្លូវថ្មីមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១ទៅភ្ជាប់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដោយរំពឹងថា ក្រោយស្ថាបនារួចនឹងចូលរួមដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត។

ក្នុងពេលចុះពិនិត្យទីតាំងគម្រោងផ្លូវថ្មី និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ចៀសមិនរួច។

លោកបន្តថា តែនៅពេលបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀត វានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកម្រិតទៀត។

តាមដានជាមួយយើង៖ Million Times

លោកបញ្ជាក់ថា ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) អាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយខ្សែនេះសម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្នសម្រេចបានសសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) នេះគ្រោងចំណាយថវិកាប្រមាណ ៦០លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ ប្រសូតឡើងក្រោមការផ្តល់ឥណទានសម្បទានពីប្រទេសចិន និងទឹកប្រាក់របស់រាជរដ្ឋាភិបាលដែលបានសន្សំ៕

អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ