គម្រោងជាប់គាំងនៅខេត្តព្រះសីហនុមានទុន ៧៣៧លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលដោះស្រាយហើយ

គម្រោងជាប់គាំងនៅខេត្តព្រះសីហនុមានទុន ៧៣៧លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលដោះស្រាយហើយ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ១៤ គម្រោងក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។

តាមដានជាមួយយើង៖ Million Times

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។ តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៤១។ ក្នុងពេលខាងមុខដ៏ខ្លីនេះ ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ២៣ បន្ថែមទៀត ។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។

លើសពីនេះ ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ សហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ