ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ ឯកភាពពន្លឿនការអនុវត្តគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤០លានដុល្លារ

ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ ឯកភាពពន្លឿនការអនុវត្តគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤០លានដុល្លារ

ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េខាងត្បូង ឯកភាពពន្លឿនការអនុវត្តគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤០លានដុល្លារ ដោយចាត់ទុកថា ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ ស្របពេលដែលសម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដែលតបតាមការអញ្ជើញរបស់លោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។

តាមដានជាមួយយើង៖ Million Times

សេចក្ដីថ្លែការណ៍រវាងប្រទេសពីរ នៅថ្ងៃទី ១៦ ខែឧសភានេះ បានឲ្យដឹងថា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបនៃមិត្តភាពដែលរីកចម្រើនឥតឈប់ឈរ រវាងប្រទេសទាំងពីរ និងបានឯកភាពពន្លឿនការអនុវត្តគម្រោងនេះ ផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល មិនបានបញ្ជាក់អំពីកាលបរិច្ឆេទ នៃការចាប់ផ្ដើមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះនៅឡើយទេ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ បានស្វាគមន៍ការបន្តកិច្ចសម្របសម្រួលក្របខ័ណ្ឌពាក់ព័ន្ធនឹងឥណទានសម្បទាន ពីមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២២-២០៣០ ដែលមានទំហំទឹកប្រាក់រហូតដល់ចំនួន ៣ពាន់លានដុល្លារអាមេរិក និងបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ ដោយត្រូវបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជាង ២៤០លានដុល្លារ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ។ កាលពីខែកុម្ភៈកន្លងទៅនេះ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក ផាក ជុងវ៉ុក បានបង្ហើបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ រំពឹងថា នឹងអាចបើកការដ្ឋាន នៅដើមឆ្នាំ ២០២៥ខាងមុខ។

បើតាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ខ្សែ។ ខ្សែទី ១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី ២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។ គិតត្រឹមដើមខែឧសភា ឆ្នាំ ២០២៤ គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស ដែលបានជាប់ក្នុងដំណាក់កាលជម្រុះ កាលពីពេលកន្លងទៅ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម