ផ្លូវតភ្ជាប់ខាងកើតស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងរត់តាមគម្រោងបុរី ប៉េង ហួត ចេញទៅផ្លូវជាតិលេខ១

ផ្លូវតភ្ជាប់ខាងកើតស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងរត់តាមគម្រោងបុរី ប៉េង ហួត ចេញទៅផ្លូវជាតិលេខ១

ក្រសួងសាធារណការ និងដឹកជញ្ជូន បានហៅតំណាងរដ្ឋបាលរាជធានីភ្នំពេញ, បុរី ប៉េង ហួត បឹងស្នោ និងក្រុមហ៊ុន សំណង់សៀងហៃ មកប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅថ្ងៃទី៩ ខែឧសភានេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមួយរូបបានឱ្យគេហទំព័រ មីលានថាមស៍ ដឹងថា កិច្ចប្រជុំបានពិភាក្សាដោយផ្តោតជាសំខាន់ទៅលើការជ្រើសរើសគន្លងខ្សែផ្លូវតភ្ជាប់ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មកទល់នឹងផ្លូវជាតិលេខ១ ធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស តែមានផលចំណេញខ្ពស់។

តាមដានជាមួយយើង៖ Million Times

មន្រ្តីរូបនេះបន្តថា ផ្លូវតភ្ជាប់មួយខ្សែនេះនឹងមានការរត់កាត់តាមគម្រោងបុរី ប៉េង ហួត របស់អ្នកឧកញ៉ា ថៃ ជាហួត ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ដែលភ្ជាប់ពីចំណុចម្តុំវត្តព្រែកប្រា និងច្រកចេញម្តុំផ្សារព្រែកឯង។

ក្រសួងសាធារណការបានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលចូលរួមប្រជុំសម្រេចដាក់ចេញកាលវិភាគនិងចុះពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីសម្រេចកំណត់ទីតាំងខ្សែផ្លូវជាក់លាក់មួយដែលជាជម្រើសដ៏ល្អប្រសើរដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

តាមការចុះផ្សាយលើបណ្តាញសង្គមផ្លូវការក្រសួងសាធារណការ ថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយនេះសម្រេចបានជាង ៧,៥% កើនជាងផែនការគ្រោងទុក ប្រមាណ ០,៦% គិតត្រឹមពាក់កណ្តាលខែមេសាកន្លងទៅ។

អ្នកនាំពាក្យក្រសួងសាធារណការ ធ្លាប់បានឱ្យដឹងថា នៅពេលសាងសង់រួចស្ពាននេះ នឹងជួយកាត់បន្ថយការ កកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញ ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ