ក្រសួងរៀបចំដែនដី ចុះពិនិត្យសំណង់អគារ TCC ខណៈផ្សារនេះមិនទាន់មានដំណោះស្រាយឲ្យអតិថិជន

ក្រសួងរៀបចំដែនដី ចុះពិនិត្យសំណង់អគារ TCC ខណៈផ្សារនេះមិនទាន់មានដំណោះស្រាយឲ្យអតិថិជន

TCC នឹង​ជា​មជ្ឈមណ្ឌល​លក់ទំនិញ និង​ផ្សារ​ដែលតាមផែនការ គឺជាផ្សារធំជាងគេ​នៅ​រាជធានី​ភ្នំពេញសាងសង់​លើ​ផ្ទៃដី១០ហិកតា និង​គ្រោង​បោះ​ទុ​ន​វិនិយោគ១០០០លាន​ដុល្លារ​អាមេរិក កំពុងបន្តអូសបន្លាយពេលសាងសង់ខណៈអ្នកទិញតូបរាប់រយនាក់ចេញតវ់ាស្វែងរកដំណោះស្រាយ។

កាលពីថ្ងៃទី៨ ខែភសភា មន្រ្តីនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យលើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណា ក្រោយការចុះពិនិត្យនេះ ក្រសួងរៀបចំដែនដីក៏មិនបានបង្ហាញរបាយការណ៍លទ្ធផលការងារចុះលើកកម្ពស់សំណង់នេះនៅឡើយ ខណៈភាគីក្រុមហ៊ុន TCC មិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងរឿងនេះ។

តាមដានជាមួយយើង៖ Million Times

គម្រោងផ្សារ TRIUMPH COMMERCIAL CENTER (TCC) ត្រូវបានវិនិយោគដោយក្រុមហ៊ុន Yun Nan Sheng Mao Investment Co, Ltd ជា​ផ្នែក​មួយនៃ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​នឹង​ផ្តល់ប្រាក់២០០០ដុល្លារ​អាម​រិ​ក សម្រាប់​ស្តង់​ឬ​តូប​លក់ទំនិញ​មួយ។

ក្រោយចាប់ដំណើរការសាងសង់បានមួយរយៈពេលផ្សារនេះក៏ជួបនូវវិបត្តិជាច្រើនចាប់តាំងពីក្រុមម៉ៅការសាងសង់ និងម្ចាស់ភាគហ៊ុន ខណៈអាជីវកដែលបានទិញស្តង់និងតូបនៅទីនោះបន្តនាំគ្នាចេញមកតវ៉ាសុំអន្តរាគមន៍ចេញ​មុខដោះស្រាយ​ជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀងដែលបានសន្យាជាមួយអ្នកទិញ។

អ្នកទិញតូបនៅផ្សារ TCC បានលើកឡើងប្រាប់គេហទំព័រ មីលានថាមស៍ ឲ្យដឹងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ។ លោកថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយពីអតិថិជនបានជាច្រើន​លានដុល្លារ។

លោកបានបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមហ៊ុនមានគម្រោង​សាងសង់ប្រហែលជាង ៤ពាន់តូប ដោយមានតម្លៃ ១តូបចាប់ពីជាង ៦ពាន់ដុល្លារឡើង​ទៅដល់ជាង១០ម៉ឺនដុល្លារ។

គួររំលឹកថា យោងតាមកិច្ចសន្យាក្រុមហ៊ុនបានព្រមព្រៀងគ្នាទិញលក់តូបរយៈពេល ៤០ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុន​សន្យាថា នឹងសាងសង់ឱ្យរួចរាល់ប្រគល់តូបនិងផ្ទះអាជីវកម្មដល់អតិថិជននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល០៦ខែយ៉ាងយូរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងរៀបចំដែនដី