គម្រោងរីសតតម្លៃជាង ៥៧៤លានដុល្លារនៅទីលានតេជោកំពុងដំណើរការសាងសង់យ៉ាងសកម្ម

គម្រោងរីសតតម្លៃជាង ៥៧៤លានដុល្លារនៅទីលានតេជោកំពុងដំណើរការសាងសង់យ៉ាងសកម្ម

គម្រោងលំដាប់កំពូលប្រចាំខេត្តព្រះសីហនុ ត្រង់ចំណុចទីលានតេជោ បាននឹងកំពុងសាងសង់យ៉ាងមមាញឹក គឺគម្រោង Peninsula Integrated Resort ដែលវិនិយោគលើសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារអាមេរិកមានបន្ទប់សរុបចំនួន ២ ៨៧០ បន្ទប់។

គម្រោងដ៏ធំស្ថិតនៅតាម​បណ្តោយវិថី​តេ​ជោ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD ដែលផ្តល់ហិរញ្ញប្បទានដោយវិនិយោគិនអាមេរិកមានទុនវិនិយោគ ៥៧៤លានដុល្លារ។ គម្រោងនេះក៏ជាគម្រោងមួយក្នុងចំណោមគម្រោងវិនិយោគជាច្រើនដែលទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ គេហទំព័រមីលានថាមស៍ នៅថ្ងៃចន្ទសប្តាហ៍នេះថា «គម្រោងនេះបច្ចុប្បន្នកំពុងដំណើរយ៉ាងរលូតដោយក្រុមហ៊ុនចាក់គ្រឹះរៀបចំគ្រោងអគារ ព្រមទាំងរៀបចំហេរដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណគម្រោងវិនិយោគ»។

លោកបានវាយតម្លៃថា គម្រោងសណ្ឋាគារលំដាប់ផ្កាយតម្លៃជាង ៥៧០លានដុល្លារនេះ ទទួលបានការអនុញ្ញាត និងលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រូវបានរំពឹងខ្ពស់ថានឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ រួមទាំងវិស័យទេសចរកម្ពុជាផងដែរ៕

អត្ថបទ៖ ផល​ កុសល រូបភាព៖ បណ្តាញសង្គម

តាមដានជាមួយយើង៖ Million Times