រដ្ឋាភិបាលដាក់ចេញវិធានការចំនួន៨ បន្តពីអាណត្តិទី៦ ដើម្បីបន្តជួយវិស័យសំណង់ និងអចលនទ្រព្យ

រដ្ឋាភិបាលដាក់ចេញវិធានការចំនួន៨ បន្តពីអាណត្តិទី៦ ដើម្បីបន្តជួយវិស័យសំណង់ និងអចលនទ្រព្យ

រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកន្លឹះចំនួន៨ អនុវត្តបន្តពីអាណត្តិទី៦ ដើម្បីបន្តជួយវិស័យសំណង់ និងអចលនទ្រព្យ ដែលជាការប្រកាសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

វិធានការទាំង ៨នោះរួមមាន៖ ទី១ បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីដែលបាននិងកំពុងប្រតិបត្តិការគម្រោងមានអាជ្ញាបណ្ណអាជីវកម្មពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ទី២ បង្កើតរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី១២ខែដល់១៨ខែសម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍បុរីដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី២៤ខែដល់៣៦ខែសម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍បុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ 

ទី៣ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីថ្មី ឬមានគម្រោងដែលមិនទាន់អភិវឌ្ឍបុរីត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ។ ទី៤ បន្តពន្យារពេលអនុវត្តពន្ធលើប្រាក់ចំណេញមូលធន សម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។ ទី៥ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទលក្ខណៈបុរីមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លាររហូតដល់ចំណាច់ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ទី៦ លើកទឹកចិត្តនិងស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាពផ្អែកលើការស្ម័គ្រចិត្តនិងព្រមព្រៀងរវាងគ្រឹស្ថាន និងក្រុមហ៊ុន។ ទី៧ លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍បុរី ប៉ុន្តែក្រុមហ៊ុនចាំបាច់ត្រូវបំបេញកាតព្វកិច្ចស្របតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។  និងទី៨ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣លើសេចក្តីប្រកាសកាលពីខែកក្កដា ឆ្នាំ២០២២ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវកម្មឯករាជ្យចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទ៖ ផល កុសល រូបភាព៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ