ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
កិច្ចប្រជុំធ្វើឡើងនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយបានគាំទ្រលើការបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” និងត្រៀមចូលរួមសម្របសម្រួលតាមភារកិច្ចរៀងៗខ្លួន ដើម្បីជំរុញដំណើរការការិយាល័យនេះ ក្នុងពេលឆាប់ខាងមុខ។


កាលពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ និងអនុញ្ញាតឱ្យបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ចសម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិតអនុញ្ញាតនាំចេញ/នាំចូល, និងការលើកដាក់ទំនិញនៅកំពង់ផែ។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលដែលអាចក្លាយជាសួនសាកល្បង ឬគំរូមួយ សម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬតំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត។
សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារអាមេរិក ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និងការវេចខ្ចប់ ជាដើម។

គម្រោងសួនកសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។
កម្មវិធីពិសេសនេះផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់គម្រោង ៤ ប្រភេទ ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៥ ដែលរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង និងជាគម្រោងថ្មី, ការពង្រីកគម្រោង, និងគម្រោងមានស្រាប់នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ បង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ដើម្បីធ្វើការពិនិត្យ និង សម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស, ផ្តល់ការគាំទ្រ, សម្របសម្រួល និង ជួយដោះស្រាយបញ្ហាប្រឈម ជូនវិនិយោគិន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ