នៅឆ្នាំ២០២៥នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់ចេញនូវទិសដៅ និងផែនការដើម្បីជំរុញក្នុងការអនុវត្ដការងារលើវិស័យអាកាសចរណ៍ស៊ីវិល ដោយសម្រេចឲ្យបានដឹកអ្នកដំណើរតាមផ្លូវអាកាសជាង ៧លាននាក់ និងដឹកទំនិញឲ្យបាន ៨០ពាន់តោន។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៤ និងលើកទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែមីនានេះ បានដាក់ចេញទិសដៅជំរុញ និងសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧.៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោននៅក្នុងឆ្នាំ២០២៥។


លោកបានដាក់ផែនការឲ្យបន្តជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។
បន្ថែមទៀតនោះ លោកក៏បន្តជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួល (Charter Flights) កាន់តែច្រើនឡើងថែមទៀត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរផងដែរ។
បើតាមលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានដាក់ផែនការបន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជាអាចមានលទ្ធភាព កាន់តែទូលំទូលាយថែមទៀត ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។
លើសពីនេះ អាកាសចរណ៍ស៊ីវិលក៏បានជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុន អាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកអាកាសចរណ៍ស៊ីវិល