សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត ១០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨ពាន់លានដុល្លារ។ ចំនួននៃការកើនឡើងនេះ សម្តេចបានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយក៏កាន់តែល្អប្រសើរ។
ការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងពេលអនុញ្ញាតឱ្យលោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។


លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ចំពោះកំណើនទេសចររវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើង ដែលឆ្នាំ២០២៤ មានរហូតដល់ ២លាននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរបរទេស ហើយទេសចរកម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសនៃជំនួបនេះ សម្ដេចប្រធានព្រឹទ្ធសភា សង្ឃឹមថា តាមរយៈឯកអគ្គរាជទូតថ្មី ធុល ត្រៃសូរ៉ាត់ នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ