អ្នកវិនិយោគចិន ស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ

សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង ប្រទេសចិន ដែលមានសមាជិកសរុប ១.៥០០សហគ្រាស ចុះមកកម្ពុជាដើម្បីសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ធ្វើការនាំចេញ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន បានដឹកនាំគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុនជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា។ សមាគមមានសមាជិកសរុបប្រមាណ ១.៥០០សហគ្រាស កំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។

លោកថា នាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាលោកអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំងផងដែរ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រី ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

លោកក៏បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។

ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុបចំនួន ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC