ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ បានរៀបចំកាលរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ដោយភាគីថៃថា ឆ្លុះបញ្ចាំងពីការប្តេជ្ញាក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀតនៃប្រទេសទាំងពីរ។
លោក ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។


លោកបន្តថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។ លោករដ្ឋមន្ត្រីបន្តថា អនាគតកម្ពុជា និងថៃ មានការផ្សារភ្ជាប់ដែលពុំអាចកាត់ផ្តាច់បាន យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា។
ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កីឡាករមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។
លោកបានរំលឹកថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រ រួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន និងកីឡាករថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ កាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។
សូមជម្រាបជូនថា កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំកកថែមទៀតផង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ