នៅថ្ងៃ៤ ខែមីនា ឆ្នាំ២០២៥ នេះ ប្រធានរដ្ឋសភានៃកម្ពុជា សម្ដេច ឃួន សុដារី បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី ១៥ ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាង ៣០០ នាក់ ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា អបអរសាទរទិវាអន្តរជាតិនារីលើកទី ១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។


សម្ដេច ឃួន សុដារី បានលើកឡើងពីលទ្ធផលជាច្រើនដែលរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រេចបាន នៅក្នុងការលើកកម្ពស់សិទ្ធិស្ត្រីនៅកម្ពុជា។ ក្នុងនោះប្រធានរដ្ឋសភា បានលើកឡើងថាការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្ត្រីនៅកម្ពុជាទទួលបានការគោរព ការផ្ដល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។
សម្ដេចប្រធានរដ្ឋសភា បានបន្តទៀតថា តួនាទី និងឋានៈរបស់ស្ត្រីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្ត្រីមានសិទ្ធិ មានសេរីភាព និងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្គ្រាមគឺបាត់បង់សិទ្ធិទាំងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។

សម្ដេចក៏បានគូសបញ្ជាក់ថា ចាប់តំាងពីថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្ដេចនៅជានាយករដ្ឋមន្ត្រី។
សម្ដេច ឃួន សុដារី គាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ cpp