ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការនាំចេញនៅឆ្នាំ២០២៤ កម្ពុជាសម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
លោកបានថ្លែងថា ក្រសួងឧស្សាហកម្ម ពិតជាមានភារកិច្ច និងការទទួលខុសត្រូវមួយចំណែកធំ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជានិន្នាការ ជាក់ស្ដែងនៅប្រទេសកម្ពុជា គឺមានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរ ដែលនាំឱ្យការនាំចេញផលិតផលឧស្សាហកម្មនៅឆ្នាំ២០២៤ ហើយវិស័យនេះមានទំហំដល់ទៅជាង៤០% ក្នុងចំណែកនៃ GDP សេដ្ឋកិច្ចជាតិ។


ជាមួយគ្នានេះ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង្សី វិស្សុត បានណែនាំឲ្យក្រសួងឧស្សាហកម្ម បន្តពង្រឹង និងអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងរួមចំណែកបង្កើតនូវតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ក៏ដូចជាដើម្បីទ្រទ្រង់កំណើនផលិតភាព និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីខែមករាថា កម្ពុជាទទួលបានបរិមាណផលិតកម្មដំណាំសរុបចំនួន៣៩ លានតោននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤ កើនឡើង ៧.៤ ភាគរយពី ៣៦.៣ លានតោនក្នុងឆ្នាំ២០២៣។ ក្នុងចំណោមផលិតកម្មដំណាំសរុប ១១,៦៦ តោន ឬ ៣០ ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ក្នុងនោះប្រទេសចិន សហភាពអឺរ៉ុប វៀតណាម និងថៃ ជាប្រទេសនាំចូលទំនិញកសិកម្មរបស់កម្ពុជា។
ដោយឡែកនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជាក៏បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨%។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកទីស្តីការគណៈរដ្ឋមន្រ្តី