ផ.ស.ស កើនឡើងជិត ៩ដងពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៤ ធ្វើឲ្យអត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះ

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានឲ្យដឹងថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (ផ.ស.ស) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារ នៅក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅក្នុងឆ្នាំ២០២៤។

ក្នុងពេលប្រកាសបើកកម្មវិធី «សប្តាហ៍ គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈម្សិលមិញសម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នេះ បានធ្វើឲ្យអត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់។

តាមដានជាមួយយើង៖ Million Times

សម្ដេចមានថ្លែងថា «ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្រធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់»។

គួរឲ្យដឹងថា​ ផ.ស.ស សម្រាប់​មនុស្ស​ម្នាក់នៅ​កម្ពុជាក្នុង​ឆ្នាំ​២០២៥នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាកររំពឹងថា​នឹងកើនដល់ ២,៩២៤ដុល្លារ ដែល​ចំនួន​នេះ​មានការ​​កើន​ឡើង​ប្រមាណ ៧,៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣%។

បើតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារ ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២,៩២៤ដុល្លារអាមេរិក។

សម្ដេចប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ដែរថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់នីតិកាល គឺការរក្សាឲ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។

ជាក់ស្ដែង កម្ពុជាបាន និងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។

សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិ ភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ មិនអាចខ្វះ បាន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

បន្ថែមទៀតនោះសម្ដេចបានកត់សម្គាល់ថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកប្រកបដោយ សមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយប្រកបដោយ សមធម៌ ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី