អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានលើកឡើងថា អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ ក៏ព្រោះការយកធនធានធម្មជាតិមកធ្វើអាជីវកម្មនេះ គឺមានចំនួនកំណត់ក្នុងបរិមាណណាមួយ។
អ្នកស្រីមានប្រសាសន៍ថា «យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ មិនមែនជាការកាប់បំផ្លាញ គាស់បំផ្លាញទេ។ ដូច្នេះ រ៉ែថ្ម វាមិនហិនហោចទៅណា ទេព្រោះយើងយកមានកំណត់»។


អ្នកស្រីបន្តថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនចំនួន៦៨ កំពុងធ្វើអាជីវកម្មថ្មអារ(រ៉ែថ្ម) ស្មើនឹង៩០គម្រោង ដែលនៅក្នុងខេត្តចំនួន១១។ គម្រោងនៃអាជីវកម្មថ្មអាររបស់ក្រុមហ៊ុនទាំងនោះ មានផ្ទៃដីប្រមាណសរុប ៥,១២៥,១៣០ ហិកតា។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនៈកិច្ចអាជីវកម្មថ្មអារ នៅស្រុកស្នួល ខេត្តក្រចេះ អ្នកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា បានពន្យល់ថា រាល់ការធ្វើថ្មអារទាំងអស់ គឺមានបច្ចេកទេសត្រឹមត្រូវក្នុងការស្រាវជ្រាវឃួងដី រុករករ៉ែថ្ម។ សកម្មភាពនេះ ក្រុមហ៊ុនវិនិយោគ គឺដាច់ខាតត្រូវបា អាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពលច្បាស់លាស់។ ពោលគឺ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួង គឺមិនចេះតែគាស់រ៉ែថ្មនោះឡើយ គឺធ្វើទៅតាមផែនការមេ ដែលបានកំណត់ដាក់ទៅក្រសួង។

អ្នកស្រីថ្លែងបន្តថា «ថ្មដែលយើងជីកគាស់មកបាន ភាគច្រើនជាថ្មនៅក្រោមដី។ ចំណែក ការកាប់ជីកថ្មយកមកពីភ្នំ គឺមានតិចតួចប៉ុណ្ណោះ។ ការជីកយកថ្មនេះ គឺធ្វើតាមការកំណត់របស់ក្រសួងរ៉ែនិងថាមពល ក្រោមការចុះត្រួតពិនិត្យ២ឆ្នាំម្តង»។
លោក គង់ ស៊ីថា អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានភូគោកសាស្ត្ររ៉ែ និងឧស្សាហកម្មអាជីវកម្មរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ថា ការវាយតម្លៃសំណើរសុំអាជ្ញាប័ណ្ណគម្រោងអាជីវកម្មរ៉ែទាំងអស់ត្រូវឈរលើគោលការណ៍បីរួមមាន គោលការណ៍សក្តានុពលធនធានរ៉ែ គោលការណ៍បរិស្ថាន និងគោលការណ៍សង្គម។ លើសពីនេះក្រសួងក៏មានការការវាយតម្លៃហានិភ័យលើអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

អ្នកស្រី ឡេង ដាវី ក៏បានបញ្ជាក់ដែរថា ផលិតផលថ្មអារ (ថ្មប្លុក និងថ្មសន្លឹក) នៃធម្មជាតិរ៉ែថ្មរបស់កម្ពុជា គឺមាន៩០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារបរទេស ខណៈ១០ភាគរយ ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។ ក្នុងឆ្នាំ២០២៤ វិស័យថ្មអារនៅរកចំណូលបានប្រមាណ ៩០លានដុល្លារ កើន ៤០០ភាគរយបើធៀបនឹងឆ្នាំ២០២៣ នាំចេញទៅប្រទេសរួមមាន ចិន វៀតណាម អ៊ីតាលី កាណាដា និងច្រើនទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖