តុលាការអនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន ធ្វើ​ដំណើរ​ទៅ​ប្រ៊ុយណេ ប៉ុន្តែ​ហាមទៅ​វៀតណាម និង​កម្ពុជា

​តុលាការព្រហ្មទណ្ឌថៃកាលពីថ្ងៃសៅរ៍ បានអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្វើដំណើរទៅប្រទេសប្រ៊ុយណេ ដើម្បីចូលរួមកិច្ចប្រជុំមួយនៅថ្ងៃទី១៨ ដល់ ១៩ ខែកុម្ភៈ ប៉ុន្តែបានបដិសេធសំណើរបស់លោកក្នុងការបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងកម្ពុជាក្នុងដំណើរដូចគ្នា។

កិច្ចប្រជុំនៅប្រទេសប្រ៊ុយណេត្រូវបានដឹងថា ទាក់ទងនឹងការធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ានរបស់ប្រទេសម៉ាឡេស៊ីនៅចុងឆ្នាំនេះ។ បើយោងតាមចុះផ្សាយដោយសារព័ត៌មាន The Nation។ ដំណើរទស្សនៈកិច្ចនេះ ក្រោយពេលលោក ថាក់ស៊ីន ត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានតែងតាំងលោក ជាទីប្រឹក្សាក្រៅផ្លូវការកាលពីខែធ្នូ។

ទោះ​ជា​យ៉ាង​ណា តុលាការ​បាន​បដិសេធ​សំណើ​របស់​លោក ថាក់ស៊ីន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម និង​កម្ពុជា ក្នុង​អំឡុង​ថ្ងៃ​ទី ១៨-១៩ ខែ​កុម្ភៈ។ តុលាការ​បាន​ផ្តល់​ហេតុផល​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ថាក់ស៊ីន ទៅ​ប្រទេស​ទាំង​ពីរ​នេះ គឺ​ស្ថិត​ក្រោម​ការ​អញ្ជើញ​ផ្ទាល់​ពី​ពាណិជ្ជករ​នៅ​ប្រទេស​វៀតណាម និង​អតីត​មេដឹកនាំ​កម្ពុជា សម្តេច ហ៊ុន សែន មិនមែន​ជា​ការ​អញ្ជើញ​ផ្លូវការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន​ទេ។

គួរឲ្យដឹងថា តុលាការបានបង្គាប់ឱ្យលោក ថាក់ស៊ីន បង់ប្រាក់ធានាចំនួន ៥លានបាតមុនពេលធ្វើដំណើររបស់លោម ដែលជាចំនួនដូចគ្នាដែលលោកត្រូវបានបង្គាប់ឱ្យបង់ប្រាក់មុនពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីដើមខែនេះ។ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏ត្រូវរាយការណ៍ទៅតុលាការ និងមន្ត្រីអន្តោប្រវេសន៍ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីត្រឡប់មកពីប្រ៊ុយណេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation