១ខែដំបូងឆ្នាំ ២០២៥ កម្ពុជានាំអង្ករចេញជិត ៦ ម៉ឺនតោន បានចំណូល ៤៨ លានដុល្លារ

ត្រឹម​ខែ​មករា​​ឆ្នាំ ២០២៥ កម្ពុជា​នាំ​ចេញ​អង្ករ​សម្រេច​បាន​ជិត ៦ម៉ឺនតោន និង​ទទួល​បាន​ចំណូល ៤៨ លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាផ្ដល់ស្ថាប័ន Fresh News។

តាមដានជាមួយយើង៖ Million Times

ក្នុង​រយៈពេល​១​ខែ​ដំបូង នៃ​ឆ្នាំ ២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន ៥៩ ០៨៦ តោន សម្រេច​បាន ៤៨.០៣ លាន​ដុល្លារ តាមរយៈ​ក្រុម​ហ៊ុននាំ​ចេញ​អង្ករ ៣៩ និង​នាំ​ចេញ​ទៅ​កាន់​គោលដៅ ៤៥ គោលដៅ។

ការ​​នាំ​ចេញ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ ក៏​បាន​នាំ​ទៅ​កាន់​បណ្ដា​ប្រទេស នៅ​តំបន់​អឺរ៉ុប ២៣ បរិមាណ​អង្ករ ៣៦ ៧១៤ តោន គិត​ជា​ទឹក​ប្រាក់ ២៩.៧៩ លាន​ដុល្លារ និង​នាំ​ចេញ​ទៅ​កាន់ ប្រទេស​ចិន និង​ហុងកុង ៣ ៧៧២ តោន ដែល​គិត​ជា​ទឹក​ប្រាក់ ២.៥៦ លាន​ដុល្លារ និង​នាំ​ទៅ​កាន់​ប្រទេស​តំបន់​អាស៊ាន ៤ ប្រទេស ក្នុង​បរិមាណ ៩ ៤១៣ តោន គិត​ជា​ទឹក​ប្រាក់​ ៧.៣១ លាន ព្រម​ទាំង​នាំ​ទៅ​កាន់​គោលដៅ ១៦ ប្រទេស​ផ្សេង​ទៀត​មាន អាហ្វ្រិក, មជ្ឈិមបូព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី, នូវែលហ្សេឡង់ បាន ៩ ១៨៧ តោន គិត​ជា​ទឹកប្រាក់ ៨.៣៧ លាន​ដុល្លារ។

ក្នុង​ចំណោម​ប្រភេទ​អង្ករ​ដែល​បាន​នាំ​ចេញ​រួមមាន​អង្ករ​ក្រអូប ៩៣.០១%, ប្រភេទ​អង្ករ​ស ធម្មតា.៩៣%, អង្ករ​ចំហុយ ២.៣១%, អង្ករ​សរីរាង្គ ១.៤២% និង​អង្ករ​ផ្សេងៗ ០.៣៣% ។

សម្រាប់​ផ្នែក​ស្រូវ​វិញ នៅ​ខែ​មករា ឆ្នាំ២០២៥ ​កម្ពុជា​បាន​នាំ​ចេញ​ស្រូវ ៦១៩ ៤៨៩ តោន​ជា​ស្រូវ​សើម ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ ១៣៩.៣៨ លាន​ដុល្លារ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា