លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីនលោក Francisco P.Tiu Laurel Jr. ដើម្បីអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត។


កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្ដែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ជាមួយ Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មសាធារណរដ្ឋហ្វីលីពីន នៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីនផ្ទាល់។
ក្នុងជំនួបថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២ បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីន ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ។ មួយវិញទៀត គឺដើម្បីប្រទេសទាំង២ អាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឲ្យមានចីរភាព។

លោក Francisco P.Tiu Laurel Jr. មានប្រសាសន៍ថាហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង ១០ លាននាក់ក្នុងមួយឆ្នាំ។ ហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើនប្រភេទ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហ្វីលីពីន បានបន្តទៀតថា លើសពីនេះខាងហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មផងដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមឲ្យដឹងទៀតថា ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធិក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយប្រើកញ្ចប់ថវិកា ១០០ លានដុល្លារ។

ក្រោយស្ដាប់លោក Francisco P.Tiu Laurel Jr. ថ្លែងរួច រដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងកសិកម្មហ្វីលីពីន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីសក្ដានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំង២។
គោលបំណងនៃកិច្ចជំនួបរវាងប្រទេសទាំង២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម ដោយផ្ដោតលើចំណុចសំខាន់ ២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មនៃប្រទេសទាំង២។ រដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំង២ ក៏ បានចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីនផងដែរ៕



អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ