ឆ្នាំមុន គយប្រមូលចំណូលពន្ធបានជិត ២.៦ ពាន់លានដុល្លារ

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹងពីការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​របស់​អគ្គនាយកដ្ឋាន​កាលពី​ឆ្នាំ ២០២៤ សម្រេច​បាន ១០ ៥៤២.២ ប៊ី​លាន​រៀល ស្មើ​នឹង​ប្រមាណ ២៥៩០.៣ លាន​ដុល្លារ ដែល​មាន​កំណើន​ប្រមាណ ១៣.៨% ធៀប​នឹង​ចំណូល​ប្រមូល​កាលពី​ឆ្នាំ ២០២៣។

តាមដានជាមួយយើង៖ Million Times

គិតជា​សមាសភាគ​ចំណូល​តាម​ប្រភេទ​ពន្ធ និង​​អាករ​ធៀប​នឹង​ចំណូល​សរុប អាករ​លើ​តម្លៃ​បន្ថែម​មាន​ប្រមាណ ៤១.៣%, អាករ​ពិសេស​មាន​ប្រមាណ ៣២.១%, ពន្ធ​គយ​មាន​ប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេង​កាត​មាន​ប្រមាណ ៤.៤% និង​អាករ​នាំ​ចេញ និង​កម្រៃ​ផ្សេង​ៗ​មាន​ប្រមាណ ៤.២%។ ចំពោះ​សមាសភាគ​នៃ​ចំណូល​តាម​ក្រុម​ទំនិញ​ធៀប​នឹង​ចំណូល​សរុប ក្រុម​ទំនិញ​ចម្រុះ​មាន​ប្រមាណ ៣៤.៧%, យានយន្ត និង​គ្រឿង​ចក្រ​មាន​ប្រមាណ ៣១.១%, ប្រេងឥន្ធនៈ និង​ថាមពល​មាន​ប្រមាណ ២៦.៩%, និង​សម្ភារ​សំណង់ ហើយ​កម្រៃ​ផ្សេង​ៗ​មាន​ប្រមាណ ៧.៣%។

លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គ​នាយក​នៃ​អគ្គ-នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លើកឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ ២០២៤ និង​ទិសដៅ​អនុវត្ត​បន្ត ២០២៥ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ចំណូល​កាលពី​ឆ្នាំ ២០២៤ ជួប​ប្រទះ​បញ្ហា​ប្រឈម​ធំ​ៗ​មាន​ជា​អាទិ៍ កំណើន​ជា​បន្ត​បន្ទាប់​ទាំង​វិសាលភាព និង​ភាព​ស៊ី​ជម្រៅ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី, ការ​រីក​លូតលាស់​នៃ​ផលិតកម្ម​ក្នុង​ស្រុក​ជំនួស​ការ​នាំ​ចូល, ការ​អនុ​គ្រោះ​ពន្ធ និង​អាករ​កាន់តែ​ធំ​ទូលាយ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ, និន្នាការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​រថយន្ត​ដែល​មាន​ទំហំ​ស៊ី​ឡាំង​តូច និង​រថយន្ត​អគ្គិសនី ព្រម​ទាំង​ការ​បន្ត​មាន​សកម្មភាព​រត់​គេច​ពន្ធ ក្នុង​រូបភាព​ថ្មី​ៗ​កាន់​តែ​ស្មុគស្មាញ។

ទោះ​ជា​យ៉ាងណា​ការងារ​ប្រមូល​ចំណូល អង្គភាព​គយសម្រេច​បាន​វឌ្ឍនភាព​ល្អ​ប្រសើរ ​លើ​ការងារ​សំខាន់​ៗ​ដូចជា៖

– ការ​ធ្វើ​ឌីជីថល​ភាវូបនីយ​កម្ម​នីតិវិធី
– ការ​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដល់​ធុរ​ជន​មាន​អនុលោម​ភាព​ខ្ពស់
– ការ​ពង្រឹង​ការងារ​បច្ចេកទេស​គយ
– ការងារ​បង្ការ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ និង​ការ​អនុវត្ត ច្បាប់
– ការងារ​សវនកម្ម និង​ការ​គ្រប់គ្រង​ហានិភ័យ
– កិច្ច​សហការ​ជាមួយ​ផ្នែកឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ
– កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​ការងារ​គយ
– ការ​ចូលរួម​កសាង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ
– ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ស្ថាប័ន
– ការងារ​សង្គម មនុស្សធម៌ សិល្បៈ និង​កីឡា៕



អត្ថបទ៖ មេរ៉ា, រូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា