កាលពីថ្មីៗកន្លងទៅនេះលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ កាលពីថ្ងៃ៨ ខែកុម្ភៈកន្លងទៅនេះ អគ្គទេសាភិបាលធនាគារជាតិក៏បានបង្ហាញពីទុនបម្រុងអន្តរជាតិរបស់កម្ពុជាផងដែរ។


លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ស្ថិតក្រោមស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាពបានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ ២២.៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយធៀបនឹងឆ្នាំ ២០២៣ ដែលមានត្រឹមប្រមាណ ២០ ប៊ីលានដុល្លារ។
កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។

ចំពោះប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាវិញ ឥណទាននៅតែបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ នេះជាការអះអាងរបស់បណ្ឌិត ជា សិរី ។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ នាំឲ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្នការផ្តល់ឥណទាន ក្នុងស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
សូមជម្រាបថា ទុនបម្រុងអន្តរជាតិ គឺជាសាច់ប្រាក់របស់ប្រទេសមួយ និងទ្រព្យសម្បត្តិផ្សេងទៀត ដែលកាន់កាប់ដោយធនាគារកណ្ដាលរបស់ខ្លួន។ ទុនបម្រុងទាំងនេះត្រូវបានប្រើ ដើម្បីមានឥទ្ធិពលលើតម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយ បំពេញកាតព្វកិច្ចទូទាត់អន្តរជាតិ និងរក្សាទំនុកចិត្តទីផ្សារហិរញ្ញវត្ថុ។ ទុនបម្រុងអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់ NBC រួមមានរូបិយប័ណ្ណបរទេស មាស និង SDR (Special Drawing Right)៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ National Bank of Cambodia