ក្រុមហ៊ុនធានារ៉ាប់រង៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារ

មានក្រុមហ៊ុនធានារ៉ាប់រងជាច្រើម កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយ​នឹង​ទំហំ​បុព្វលាភ​ដុល​ជាង ៣៧០ លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា នៅថ្ងៃ​៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ពេល​ចូលរួម​ក្នុង​អង្គសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដី​ពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

តាមដានជាមួយយើង៖ Million Times

លោក ប៊ូ ច័ន្ទភីរូ បាន​លើក​ឡើង​ក្នុង​ការ​ចូលរួម​សិក្ខា​សាលា​នោះ​ថា បច្ចុប្បន្ន​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង ៤០កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលដល់​ទៅ​ជាង ៣៧០ លានដុល្លារ និង​ទ្រព្យ​សកម្ម​សរុប​ជាង ១.២ ប៊ីលាន​ដុល្លារ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំង ៤០ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​មាន​ផលិតផល​សម្បូរ​បែបដូចជាធានារ៉ាប់រងអាយុជីវិត, ធានា​រ៉ាប់រង​សុខភាព, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល, ធានា​រ៉ាប់រង​ទ្រព្យសម្បត្តិ, ធានា​រ៉ាប់រង​ភារៈ​ទទួលខុស​ត្រូវ,ធានារ៉ាប់រងយានយន្ត, ធានារ៉ាប់រងភារៈ ទទួល-ខុសត្រូវការដ្ឋាន រហូត​ដល់​ធានា​រ៉ាប់រង​ខ្នាត​តូច សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប។

កាលពី​ឆ្នាំ ២០២៤ ដោយសារ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ទំហំទីផ្សារនេះ បាន​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ​តែ​ប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណជាង ២២ ដុល្លារ។

ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានកម្រិតទាបបើធៀបនឹងទីផ្សារនានាក្នុងតំបន់ ​ដែលបណ្តាលមក​ពី​កត្តា​មួយ​ចំនួនរួមមាន​ កង្វះខាតការយល់ដឹង របស់សាធារណជន​ពី​អត្ថប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់រង និង​កង្វះ​ការ​យល់ដឹង​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច អំពី​ការ​ធានា​រ៉ាប់រង​ជា​កាតព្វកិច្ច ដែល​ការណ៍​នេះ បណ្តាល​ឲ្យ​កិច្ច-សហការអនុវត្តការធានារ៉ាប់រង ជាកាតព្វកិច្ចមិនទាន់សកម្ម និង​មុត​ស្រួច​ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់​ជា​ធរមាន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ និយ័តករធានារ៉ាប់រងកម្ពុជា