ភាពជោគជ័យក្រុមហ៊ុន ហុងដា គឺជាគំរូមួយដែលវិស័យឯកជនរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំមន្រ្តីច្រើនរូប ចុះពិនិត្យមើលច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយបញ្ចប់បេសកកម្មពិនិត្យច្រវាក់ផលិតកម្មរោងចក្រ NCX សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ សម្តេចបានលើកឡើងថា ការធ្វើពិពិធកម្មផលិតកម្មគឺជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹងនិងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាលគឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ 

តាមដានជាមួយយើង៖ Million Times

ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏សូមអបអរសាទរចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំនិងដម្លើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមាមានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដម្លើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។ 

សម្តេចបានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ 

សូមជម្រាបថា ក្រុមហ៊ុន NCX បានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ 

នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩  និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ 

ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី