ចិនចាប់ផ្ដើមកំណត់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងរ៉ាដាទារពន្ធបន្ថែម សងសឹកលើអាមេរិក

នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ រដ្ឋាភិបាលចិនបានប្រកាសកំណត់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកស៊ីលើទឹកដីខ្លួន ចូលក្នុងបញ្ជីក្រុមហ៊ុនដែលត្រូវទារពន្ធបន្ថែម ដើម្បីជាការសងសឹកលើវិធានការតំឡើងពន្ធគយរបស់ប្រធានាធិបតី Donald Trump។

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនធំៗដូចជា Calvin Klein និង Google កំពុងប្រឈមនឹងការតំឡើងពន្ធនៅចិន ស្របពេលទំនិញអាមេរិកមួយចំនួនរួមមាន ធ្យូងថ្ម និងប្រេងឥន្ធនៈ ក៏ត្រៀមទារពន្ធបន្ថែមក្នុងរយៈពេលឆាប់ៗនេះផងដែរ។

តាមដានជាមួយយើង៖ Million Times

វិធានការចុងក្រោយរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញឲ្យឃើញថា ភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ លើពិភពលោក កំពុងដុតកម្ដៅខ្លាំងឡើងៗ រហូតបង្កការព្រួយបារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មថែមទៀត។

សហរដ្ឋអាមេរិកបានប្រកាសថា រាល់ទំនិញដែលនាំចូលពីប្រទេសចិន នឹងត្រូវតំឡើងពន្ធបន្ថែម ១០% ចាប់ពីថ្ងៃទី០៤ ខែកុម្ភៈតទៅ ស្របពេលទីក្រុងប៉េកាំងឆ្លើយតបវិញថា ទំនិញអាមេរិកចូលមកដល់ទឹកដីចិន ក៏នឹងត្រូវទារពន្ធបន្ថែម ១០% ដូចគ្នា ពីថ្ងៃទី១០ ខែកុម្ភៈ។

ទាក់ទងនឹងការបន្ថែមពន្ធទៅវិញទៅមកបែបនេះ ថ្នាក់ដឹកនាំរវាងមហាអំណាចទាំង២ ក៏គ្រោងមានកិច្ចពិភាក្សាមួយនៅក្នុងសប្ដាហ៍នេះផងដែរ ក៏ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។ នេះបើតាមការឲ្យដឹងពី Reuters៕

អត្ថបទ៖ Luffy រូបភាព៖ Caixin