សេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី ចំណាយរាប់លានដុល្លារ ទិញកសិផលរបស់ប្រជាកសិករខ្មែរ

មហាសេដ្ឋី​ផ្នែក​កសិកម្ម ម៉ុង ឬទ្ធី មិន​ត្រឹម​មាន​ផ្ទៃដី​ដាំដុះ​រាប់​ម៉ឺន​ហិកតា ហើយ​លោក​ជា​អ្នក​ដែល​តែងតែ​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ផលិតផល​កសិផល​ខ្មែរ​ដូច​គ្នា​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ពី​ថា ២ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ នេះ​លោក​បាន​ចំណាយ​អស់ជាង១ លាន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​កសិផល ក៏​ដូចជា​ការ​គាំទ្រ​កសិករ​ឲ្យ​កសិករ​ខ្មែរ​កាន់តែ​មាន​ទីផ្សារ ហើយ​ធ្វើឲ្យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​រឹងមាំ​ផង​ដែរ។

រយៈពេល​ជាង ២០ ឆ្នាំ​មក​នេះ ស្ថាបនិក​នៃ​ក្រុម​ហ៊ុន Mong Rithy Group Ltd តែងតែ​ជួយ​ប្រជាកសិករ ដោយការ​​ទិញ​កសិផល​របស់​ខ្មែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​មាន​ទីផ្សារ​ច្បាស់លាស់។ ដូច ២ ខែ​ដំបូង​នៃ​ដើម​ឆ្នាំ ២០២៥ នេះ ពោល​ចាប់​ពីថ្ងៃ១ ដល់ ៣១ ខែ​មករា ២០២៥ លោក​បាន​ទិញ ចុងអង្ករ ២ ០០០ តោន, ដំឡូង​មី​ចំណិត​ហាល​ស្ងួត ៦៦៥ តោន និងកន្ទក់ ១៥០ តោន។

​ចូល​មក​ដល់​ថ្ងៃ ២ ខែ​កុម្ភៈ ២០២៥ សេដ្ឋី​ល្បី​ឈ្មោះ​រូប​នេះ បាន​សម្រេច​បញ្ជា​ទិញ​បន្ថែម​នូវ​ចុង​អង្ករ ១០០០ តោន សរុប​តម្លៃ​ប្រមាណ ១ ២០០ ០០០ ដុល្លារ (រួមទាំងថ្លៃដឹកជញ្ជូន។

ម្ចាស់​រមណីយដ្ឋាន​អភិវឌ្ឍន៍​ កសិ​ទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ ថានេះ​មិន​ទាន់​បាន​រាប់​បញ្ចូល​ពី​ការ​ទិញ​ពោត​ក្រហម​នៅ​ឡើយទេ។ តែ​បើ​រាប់​បញ្ចូល​ពោត​ក្រហម​ដែល​បាន​ប្រមូល​ទិញ​ពី​កសិករ​ ប្រមាណ​ជា​៦ ០០០ តោន​ជា​រៀងរាល់​ឆ្នាំ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ១ ៨០០ ០០០ ដុល្លារ​ឯណោះ។

លោក​បណ្ឌិត បាន​បញ្ជាក់​ថា កសិផល​ទាំង​អស់នោះ នឹង​ត្រូវ​បាន​នាំ​មក​កែច្នៃ​នៅ​រោងចក្រ​ចំណី​សត្វ​របស់​ក្រុមហ៊ុន​អឹមភិក មាន​ទីតាំង​នៅ​គីឡូម៉ែត្រ ១៥៨ ផ្លូវជាតិ​លេខ ៤, ឃុំតានៃ, ស្រុកព្រៃនប់, ខេត្តព្រះសីហនុ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​សេដ្ឋី​កសិកម្មបាន អំពាវនាវ​​ឲ្យ​អ្នក​ជំនួញ និង​ប្រជាជន​ គាំទ្រ​កសិផល​ខ្មែរ នឹង​ជួយ​ធ្វើឲ្យ​កសិករ​រឹងមាំ អនាគត​កសិកម្ម​រីកចម្រើន៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី