យោងតាមរបាយការណ៍ព្យាករដោយរដ្ឋាភិបាលថៃ បានបង្ហាញថា ការចំណាយសារធារណៈអំឡុងពិធីបុណ្យចូលឆ្នាំចិន ទំនងកើនដល់ ៥១,៧៨ពាន់លានបាត ឬប្រហែល ១,៥ពាន់លានដុល្លារ។


លោក Sasikan Wattanachan អ្នកនាំពាក្យរងរដ្ឋាភិបាលបានកត់សម្គាល់ថា តួលេខមួយនេះ គឺមានកំណើន ៤,៥% បើធៀបនឹងឆ្នាំមុន ហើយក៏ជាការចំណាយច្រើនលើសពី ៥០ពាន់លានបាតដំបូងបំផុត សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ ខ្លាំងកាលពី ៥ឆ្នាំមុន។
សារព័ត៌មាន Thaiger បានចុះផ្សាយថា នៅខេត្ត Songkhla អាជីវករលក់ចាប់ហួយកំពុងសប្បាយចិត្ត ដ្បិតជនជាតិថៃកាត់ចិនជាច្រើន បាននាំគ្នាទិញគ្រឿងប្រដាប់ប្រដារ រៀបចំសែនព្រេនតាមទំនៀមទម្លាប់ចិន។
ជាមួយគ្នា រដ្ឋាភិបាលថៃក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីផ្សេងៗតាមខេត្តនីមួយៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ក្នុងគោលបំណងអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ ប្រហែល ៦ពាន់លានបាតផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ 123RF