ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ០២៥នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាសបេស្តុស (Asbestos) ក្នុងវិស័យសំណង់ ក្រសួងរៀបចំដែនដីបានលើកយកប្រធានបទ៖ «សារធាតុអាសបេស្តុស (Asbestos) » មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើង និងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។
ក្រសួងរៀបចំដែនដីបន្តឲ្យដឹងថា តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេស សុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។
ក្នុងសិក្ខាសាលានាព្រឹកថ្ងៃចន្ទនេះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា «យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន»។
លោកបន្តថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែកបញ្ហាប្រឈមទាំងអស់ឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឬក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រងប្រកបដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប។
ស្របពេលដែលការនាំចូលសម្ភារសំណង់មានការកើនឡើងគួរឱ្យកត់សម្គាល់ ការនាំចូលដែក និងដែកថែម នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៤ ក៏មានការកើនឡើងខ្ពស់ផងដែរ រហូតដល់ជាង ៦៥% និងមានទំហំទឹកប្រាក់ប្រមាណជាង ២៩២លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី