គណបក្សកាន់អំណាច កត់សម្គាល់ឃើញថា ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣% ដែលឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩វិញ។
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា CPP ដែលប្រើពេលអស់ ២ថ្ងៃពេញ បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។
លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៦ ខែមករានេះ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០% អតិផរណាមានអត្រាទាប ០,៨% អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់ $២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។
អង្គសន្និបាតបញ្ជាក់បន្ថែមថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី $២ ៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ $២ ៧១៣ដុល្លារក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩វិញ។
ស្ថាប័នរូបិយប័ណ្ណពិភពលោក ឬ IMF បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម ។
ចំណែកធនាគារអភិវឌ្ឍអាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត៥,៨% សម្រាប់ឆ្នាំ២០២៤ និង៦% សម្រាប់ឆ្នាំ២០២៥៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP