លោក Trump ស្នើឲ្យអារ៉ាប៊ីសាអូឌីត ពង្រីកកញ្ចប់វិនិយោគនៅអាមេរិកដល់ ១ទ្រីលានដុល្លារ

អំឡុងពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៥៥ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ប្រធានាធិបតី Donald Trump បានប្រកាសថា លោកនឹងសំណូមពរឲ្យរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត បង្កើនកញ្ចប់ចំណាយ ១ទ្រីលានដុល្លារ សម្រាប់ផែនការបណ្ដាក់ទុននៅសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា សំណើរបស់លោក Trump ចំពោះប្រទេសស្ដេចប្រេងមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ថា ទីក្រុងរីយ៉ាដមានបំណងចាយលុយ ៦០០ពាន់លានដុល្លារ ដើម្បីបណ្ដាក់ទុន និងពង្រីកអាជីវកម្មលើទឹកដីអាមេរិករយៈពេល ៤ឆ្នាំ។

លោក Trump បានថ្លែងនៅក្នុងវេទិកា WEF តាមរយៈវីដេអូខលអនឡាញថា «ខ្ញុំនឹងជជែកជាមួយព្រះអង្គម្ចាស់ (Mohammed binSalman) ក្នុងការបង្កើនកញ្ចប់វិនិយោគរហូតដល់ ១ទ្រីលានដុល្លារ។ ខ្ញុំគិតថា ពួកគេនឹងឯកភាពចំពោះសំណើនេះ ដ្បិតកន្លងមកទំនាក់ទំនងរបស់ពួកយើង មានភាពរឹងមាំ និងល្អខ្លាំងណាស់»។

សូមជម្រាបដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត មានសម្ព័ន្ធភាពយ៉ាងរឹងមាំ ដោយមានអាយុកាលជាង ៩០ឆ្នាំមកហើយ។ អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រទេសស្ដេចប្រេងនេះ ស្របពេលទីក្រុងរីយ៉ាដ គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ប្រចាំតំបន់មជ្ឈិមបូព៌ាផងដែរ ពោលគឺជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតទី៣ សម្រាប់សហរដ្ឋអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ NBC