អនុប្រធានាធិបតីនីហ្សេរីយ៉ា Kashim Shettima បានចូលរួមជាមួយមេដឹកនាំពិភពលោកមកពីច្រើនជាង ១៣០ប្រទេស សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក WEF លើកទី៥៥ ធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
នៅក្នុងជំនួបជាមួយប្រធាន WEF លោក Borge Brende អនុប្រធានាធិបតីនីហ្សេរីយ៉ាអះអាងថា កំណើនសេដ្ឋកិច្ចប្រចាំទ្វីបអាហ្វ្រិក នឹងឈានដល់ ២៩ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA) និងសុំឲ្យមានការអន្តរាគមន៍ ដើម្បីជំរុញការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងមួយនេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Arise។
លោក Kashim បានរំលឹកឡើងវិញថា ប្រទេសនីហ្សេរីយ៉ាបានត្រៀមខ្លួនរួចស្រេច ក្នុងការដឹកនាំកិច្ចព្រមព្រៀង AfCFTA និងទាញយកផលប្រយោជន៍ពីសក្តានុពលទីផ្សារ សម្រាប់ការផ្លាស់ប្តូរឌីជីថល និងសមាហរណកម្មសេដ្ឋកិច្ចនៃទ្វីបអាហ្រ្វិក។ អនុប្រធានាធិបតីនីហ្សេរីយ៉ារូបនេះអះអាងថា វិស័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំងក្នុងទ្វីបអាហ្វ្រិក ដោយគ្រាន់តែនៅប្រទេសរបស់លោក មានធនធានមនុស្សដែលមានចំណេះដឹងក្នុងវិស័យឌីជីថលរាប់លាននាក់។
លោកសង្កត់ធ្ងន់ថា ត្រឹមឆ្នាំ២០៥០ ប្រជាជននីហ្សេរីយ៉ានឹងមានកំណើនប្រជាជនរហូតដល់ ៤៤០លាននាក់ ជាប្រទេសមានប្រជាជនរស់នៅច្រើនបំផុត។ ទ្វីបអាហ្វ្រិកគឺជាតំបន់កំពុងរីកចម្រើន តែអ្វីដែលជាបញ្ហាចោទ គឺការកង្វះខាតការងារសម្រាប់យុវជនមានទេពកោសល្យជំនាន់ក្រោយ។
គួររំលឹកបន្តិចថា កិច្ចព្រមព្រៀង AfCFTA គឺត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ និងចុះជាធរមាននៅក្នុងឆ្នាំ២០២១ ក្នុងគោលបំណងបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសក្នុងទ្វីបអាហ្វ្រិក និងលើកកំពស់វិស័យពាណិជ្ជកម្មពិភពលោករបស់ទ្វីបមួយនេះ។
ប៉ុន្តែចាប់តាំងពីបង្កើតកិច្ចព្រមព្រៀងនេះមក ទំហំនៃការធ្វើពាណិជ្ជកម្មតាម AfCFTA ហាក់មិនសូវមានភាពរឹងមាំ ពោលកាលពីឆ្នាំ២០២៣ កិច្ចព្រមព្រៀងនេះមានទំហំត្រឹម ១៩២ពាន់លានដុល្លារប៉ុណ្ណោះ។ លោក Kashim Shettima បានអំពាវនាវឲ្យមានការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង AfCFTA ដ្បិតលោកយល់ថា កិច្ចព្រមព្រៀងនេះ នឹងជួយឲ្យកំណើនសេដ្ឋកិច្ចអាហ្វ្រិកកាន់តែរីកចម្រើនមួយកម្រិតទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Arise