ក្រោយបិទផ្លូវជាតិលេខ២ អស់មួយព្រឹកធំនៅថ្ងៃអង្គារ ទី២១ ខែមករានេះ ដែលស្រែកដង្ហើយហៅអាជ្ញាធរអន្តរាគមន៍ជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ឥឡូវបញ្ហាប្រឈមទាំងនោះមានក្តីសង្ឃឹមវិញហើយ ក្រោយរដ្ឋមន្រ្តី ២ក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះជួបផ្ទាល់ភ្លាមៗ។
លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង។


លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដោះស្រាយបញ្ចប់ដោយទេសរដ្ឋមន្ត្រី គន់ គីម, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងធនធានទឹក។
លោកលើកឡើងថា ក្រោមការសម្របសម្រួលពីសំណាក់លោក គន់ គីម ក្រសួងធនធានទឹកបានសម្រេចប្រើប្រាស់ប្រេងដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រឡាុ ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនដល់បងប្អូនកសិករ។

បើតាមក្រសួងធនធានទឹក ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែប្រជាពលរដ្ឋបានធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។
ជាដំណោះស្រាយ មន្ទីរធនធានទឹកខេត្តតាកែវ បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់ប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ជាមួយគ្នានេះ ក្រសួងធនធានទឹករៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក៕





អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងធនធានទឹក