រាជរដ្ឋាភិបាលសម្រេចចិត្តធ្វើការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានឲ្យដឹងថា ការផ្លាស់ប្ដូរនេះ ដើម្បីបង្កើន ជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការក្រុមហ៊ុនអាកាសចរណ៍ជាតិឲ្យមានការរីកចម្រើន និងវិវត្ដន៍ទៅមុខ ស្របទៅតាមទស្សនៈទាន និងទីផ្សារ ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ។


លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់កាសែតក្នុងស្រុកពេលកន្លងទៅឲ្យដឹងថា ក្រុមហ៊ុនក៏មានផែនការក្នុងការដាក់បញ្ចូលនៃយន្ដហោះប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥ ចំនួន៣គ្រឿង ដើម្បីពង្រឹង ពង្រីកកែលម្អទីផ្សារក្នុងស្រុក ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវការដឹកជញ្ជូនសេវាអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា និងសេវាដឹកអ្នកដំណើរ នៅក្នុងប្រទេសជិតខាង។
គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ ដោយជំនួសក្រុមហ៊ុនអាកាសចរណ៍ជាតិ រ៉ូយ៉ាល់អ៊ែរកាំបូដ ដែលបានក្ស័យធននៅឆ្នាំ២០០១។
ក្រុមហ៊ុននេះ ត្រូវបានវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាដែលមានភាគហ៊ុន ៥១% និងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលមានភាគហ៊ុន ៤៩% ហើយត្រូវបានអនុញាតិឲ្យមានការហោះហើរ codeshare flights ជាមួយក្រុមហ៊ុន Vietnam Airlines ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម