នៅថ្ងៃដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រដ្ឋបាលរបស់លោក នឹងចាប់ផ្ដើមដកហូតពន្ធបន្ថែម ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ។


សារព័ត៌មាន CNN បានរាយការណ៍ថា សេចក្ដីប្រកាសមួយនេះ ទំនងធ្វើឲ្យគោលនយោបាយពាណិជ្ជកម្មនៅអាមេរិកខាងជើង ជួបប្រទះការផ្លាស់ប្ដូរខ្លាំង ដោយសារការកើនឡើងនៃតម្លៃទំនិញ សម្រាប់ប្រជាជនអាមេរិក។
ការប្រកាសដកហូតពន្ធរបស់លោក Trump ទំនងធ្វើឲ្យមានភាពរង្គោះរង្គើក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក និងកាណាដា (USMCA) ដែលត្រូវបានបង្កើតឡើងក្នុងអាណត្តិដំបូងរបស់មេដឹកនាំអាមេរិករូបនេះ។ កិច្ចព្រមព្រៀង USMCA បានគ្រប់គ្រងលំហូរពាណិជ្ជកម្មរវាងប្រទេសទាំង៣ ចំនួន ១,៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២២។
កន្លងមកទាំងប្រទេសកាណាដា និងម៉ិកស៊ិក មិនបានអោបដៃរង់ចាំអាមេរិកដាក់គំនាបលើខ្លួនឡើយ ដោយប្រទេសទាំង២ អះអាងថា ពួកគេនឹងសងសឹកតាមរយៈការតំឡើងពន្ធទំនិញរបស់អាមេរិកដូចគ្នា បើសិនជាលោក Trump ពិតជាដកហូតពន្ធគយបន្ថែមលើទំនិញរបស់ខ្លួន។ កិច្ចព្រមព្រៀង USMCA នឹងត្រូវត្រួតពិនិត្យជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ២០២៦ខាងមុខ។
គួររំលឹកបន្តិចថា មុនពេលក្លាយជាប្រធានាធិបតី លោក Donald Trump បានសន្យាក្នុងពេលឃោសនារកសន្លឹកឆ្នោតថា ពេលលោកចូលកាន់អំណាច លោកនឹងតំឡើងពន្ធទំនិញនាំចូលរហូតដល់ ២០% ពីគ្រប់បណ្ដាប្រទេសទាំងអស់ ហើយក្នុងនោះ មានកាណាដា និងម៉ិកស៊ិក ដែលត្រៀមទារពន្ធបន្ថែម ២៥% និងមានគម្រោងដកហូតពន្ធរហូតដល់ ៦០% ពីប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ CNN