រដ្ឋាភិបាលអះអាងថា មិនបានព្រងើយកន្តើយចំពោះបញ្ហារបស់កសិករនោះឡើយ ហើយដើម្បីពង្រឹងដល់វិស័យកសិកម្មនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១ ០០០នាក់បន្ថែមទៀត។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះបញ្ហារបស់កសិករនោះឡើយ ហើយវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រាជរដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្តេចមានប្រសាសន៍ថា និយាយដល់សន្តិសុខស្បៀង រាជរដ្ឋាភិបាលត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ គឺអ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់ ហូបចុក។ ការណ៍នេះ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីជួយដល់កសិករតាមមូលដ្ឋាននៅឆ្នាំ២០២៥នេះ។
តាមផែនការរបស់រដ្ឋាភិបាល គ្រោងដាក់មន្រ្តីកសិកម្ម គ្រប់ឃុំ-សង្កាត់ ដែលមានចំនួនសរុប ១ ៦០០រូប ក្នុងរយៈពេល៣ ឆ្នាំ ក្នុងនោះឆ្នាំ២០២៣ ២៥០នាក់ ខណៈឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់។ កាលពីឆ្នាំ២០២៣ ក្រសួងកសិកម្មបានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ដំណាក់កាលទី១ ដែលកំពុងបំពេញការងារនៅតាមបណ្តាឃុំ ចំនួន២៥០ទូទាំងប្រទេស។
លោក យ៉ង សាំងកុមារ លើកឡើងថា មន្រ្តីកសិកម្មឃុំ-សង្កាត់ មានតួនាទីទទួលខុសត្រូវរាល់បញ្ហាប្រឈម និងតម្រូវការណាមួយរបស់កសិករ។ ពួកគេត្រូវជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ប្រមូលទិន្ន័យ និងកំណត់ដំណោះស្រាយជូនកសិករ។ លោកថា អ្វីដែលសំខាន់ជាងគេ គឺការជួយជំរុញផលិតកម្មរបស់កសិករ និងសហគមន៍ ផ្សារភ្ជាប់ទៅនឹងទីផ្សារ។
បើតាមមន្រ្តីកសិកម្មរូបនេះ គោលនយោបាយមន្រ្តីកសិកម្មឃុំ ធ្វើឡើងក្នុងទិសដៅបង្កើនផលិតភាពសេដ្ឋកិច្ច និងប្រាក់ចំណូលដល់កសិករមូលដ្ឋាន តាមរយៈការអនុវត្តកសិកម្មឱ្យអស់លទ្ធភាព និងកសិកម្មដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលទាំង ការកសាងខ្សែច្រវាក់ផលិតកម្ម ផ្សារភ្ជាប់មកទីផ្សារផងដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី