អត្ថប្រយោជន៍នៃការប្រើប្រាស់ «ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា» ល្អទាំងកសិករ និងជួយដល់សេដ្ឋកិច្ចជាតិ

បញ្ហា​ទីផ្សារ​ស្រូវ​កម្ពុជា​នៅតែ​សំខាន់​សម្រាប់​ប្រជា​កសិករ ពិសេស​បញ្ហា​តម្លៃ​ស្រូវ OM ដែល​មាន​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ឆ្នាំ​នេះ។ ក្រសួង​កសិកម្ម​ក៏​បាន​លើក​ឡើង​ពី​ចំណាត់​ការ ដោះស្រាយ​ការ​ធ្លាក់​ថ្លៃ​​​ស្រូវ OM និង​វិធានការ​ផ្សេង​ៗ សម្រាប់​ជួយ​ដល់​កសិករ​ខ្មែរ​ជា​បន្ត​បន្ទាប់ ហើយ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្រ្ត​ជាច្រើន ខាង​ក្រសួង​បាន​ជំរុញ​ឲ្យ​កសិករ​ងាក​មក​ដាំពូជស្រូវសែនក្រអូបវិញ ដែល​មាន​ តម្លៃ​ខ្ពស់​ដល់​ទៅ ១៣០០៛/គីឡូក្រាម។

តាមដានជាមួយយើង៖ Million Times

ក្នុង​នោះ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ បាន​ធ្វើការងារ​យ៉ាង​សកម្ម ដើម្បី​ពន្យល់ និង​ណែនាំ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់ «ពូជ​ស្រូវ​យុទ្ធសាស្ត្រ​របស់​កម្ពុជា» មាន​ផល​ល្អ​ដល់​ទាំងកសិករ ហើយ​ក៏​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ថែម​ទៀត​ផង។

ក្នុង​វីដេអួ​លោក ឃឹម ហ្វីណង់ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ «ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា» មិន​ថា​សែន​ក្រអូប ឬ​ផ្កា​រំដួល​ឡើយ។ លោក​បញ្ជាក់​ថា គោលការណ៍​របស់​ក្រសូង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តែង​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ប្រើប្រាស់​ពូជ​របស់​ខ្មែរ។ ព្រោះ​អាច​កែច្នៃ​ជា​អង្ករ​អាច​នាំ​ចេញ​បាន ដែល​ធ្វើ​ឲ្យ​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង ហើយ​បើ​ប្រើ​ពូជ​របស់​គេ ភាគច្រើន​នាំ​ចេញ​ជា​ស្រូវ និង​សើម​ទៀត ហើយ​មិន​អាច​នាំ​ចេញ​អង្ករ​ពូជ​របស់​គេ​ទេ។

ចំណុច​មួយ​ទៀត បើ​កសិករ​ប្រើប្រាស់​ពូជ​ក្នុង​ស្រុក​មាន​បញ្ហា រដ្ឋ​អាច​មាន​អន្ទរាគមន៍​បាន​ច្រើន ព្រោះ​មាន​គោល​នយោបាយ​គាំទ្រ (បើ​សិន​មាន​បញ្ហា​រដ្ឋ​ទម្លាក់​កញ្ចប់​ថវិការ​ឲ្យ​ខាង​រោង​ម៉ាស៊ីន​)។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដូច​ខាងក្រោម៖

▪️- មានស្ថេរភាពថ្លៃ

▪️- មានការធានាពីទីផ្សារក្នុងស្រុក

▪️- មានបណ្តាញពូជសុទ្ធ

▪️- បង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

▪️- ជួយធានាសន្តិសុខស្បៀង

▪️- ជាមោទនភាពជាតិ

▪️- ប្រើពូជខ្មែរ មានគោលនយោបាយគាំទ្រ និងអាចជួយអន្តរាគមន៍បានក្នុងករណីចាំបាច់៕

អត្ថបទ៖ មេរ៉ា,រូបភាព៖ Khim Finan