លោកស្រី លាង ធារ៉ា ដែលមហាជនស្គាល់ថា ជាម្ចាស់ហាង T&L Jewelry ដែលលក់គ្រឿងអលង្ការច្នៃចេញពីគជ់ខ្យងទឹកប្រៃនោះ នរណាៗក៏សរសើរពីជីវិតគូសមបំណង និងការរកស៊ីច្រើនយ៉ាង អាចដើរទៅទន្ទឹមគ្នាបាន។
ក្នុងថ្ងៃខួប ១២ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍លោកស្រី លាង ធារ៉ា ម្ចាស់ហាងគ្រឿងអលង្ការ និងគ្រឿងសម្អាង ថៅកែស្រីដ៏ស្រស់ស្អាតរូបនេះ បានចែករំលែករឿងជាច្រើនចំពោះមុខស្វាមី និងមហាជន ពិសេសអ្នកគាំទ្រតែម្ដង តាមរយៈវីដេអូមួយលើបណ្ដាញសង្គម
ម្ចាស់ប្រេន T&L Natural បានរ៉ាយរ៉ាប់រឿងជាច្រើនមកថា ការស្រលាញ់គ្នា ៣ ឆ្នាំ និងរៀបការជាមួយគ្នាបាន ១២ ឆ្នាំនៃជីវិតគូស្នេហ៍ បានហែឆ្លងទាំងបញ្ហាការងារ និងវិបត្តិនានា មានសប្បាយ និងកម្សត់ដូចគ្នា។ អ្វីដែលស្ត្រីវ័យក្មេងក្នុងមុខជំនួញទទួលបានរយៈពេល ១៥ ឆ្នាំមកនេះដែលស្រលាញ់គ្នាជាមួយឧកញ៉ា ឌី ជោត លោកស្រីមានក្ដីសុខជាមួយគូជីវិត បើទោះជាពេលខ្លះមានការលំបាកខ្លះក៏ដោយ។
អ្នកជំនួញស្រ្តីវ័យក្មេងរូបនេះ បានឲ្យដឹងថា រយៈពេលស្រលាញ់ និងបានរួមរស់ជាមួយគ្នា ពេលពិបាកចិត្តបំផុតក្នុងជីវិត គឺអំឡុងវិបត្តិកូវីដ-១៩ ព្រោះពេលនោះជំនួញមិនអាចដំណើរការទៅមុខបានឡើយ។ ភរិយាឧកញ៉ា ឌី ជោត ជាអ្នកគ្រប់គ្រងជំនួញជាច្រើនក្នុងដៃ ក៏មិនខុសពីអ្នកជំនួញទូទៅដែរ ដែលជួបប្រទះការគាំងដំណើរការអាជីវកម្ម ព្រោះវិបត្តិកូវីដ-១៩ រាំងខ្ទប់គ្រប់យ៉ាង ហើយស្របពេលនោះ លោកស្រីក៏មានកូនក្នុងផ្ទៃ ត្រូវយកចិត្តទុកដាក់ថែមទៀតនោះ ធ្វើឲ្យរឹតតែស្មុគស្មាញខ្លាំង។
គួរបញ្ជាក់ថា កាលពីសម័យកូវីដ-១៩ តំណាងចែកចាយរបស់ក្រុមហ៊ុន ធារ៉ា លាង ឯ.ក ដែលមាន ឧកញ៉ា ឌី ជោត ជាអគ្គនាយកក្រុមហ៊ុន បានឲ្យតំណាងចែកចាយផលិតផល អាចយកអីវ៉ាន់មកលក់ឲ្យក្រុមហ៊ុនវិញបាន ដោយគ្មានខាតថ្លៃដើមនោះទេ។
លោកស្រី លាង ធារ៉ា ជាម្ចាស់ហាង ធីអែនអិល គ្រឿងអលង្ការ (T&L Jewelry) ក្រុមហ៊ុនផលិតផលថែរក្សាសម្ផស្ស ម៉ាក T&L NATURAL, មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ T&L Natural