ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ចាប់ផ្តើមសាងសង់រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៥០០លានដុល្លារ

ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) (ខេមបូឌា) ឯ.កបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅខេត្តស្វាយរៀង លើផ្ទៃដី ៣២ហិតតា ក្នុងទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៤។

រោងចក្រថ្មីនេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅរបស់លោក ស៊ុន ចាន់ថុល។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ  មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិតតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ 

តាមដានជាមួយយើង៖ Million Times

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះលោក ស៊ុន ចាន់ថុល ក៏មិនភ្លេចលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្រ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងសូមលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក CDC