ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សម្រេចឲ្យរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួម ដោយសារខេត្តទាំង ៤ដែលជាប់មាត់សមុទ្រ រួមមាន កោះកុង ព្រះសីហនុ កំពត និងកែប ឆ្នេរនៅតាមបណ្តាខេត្តនីមួយៗសុទ្ធតែមានសក្តានុពលរៀងៗខ្លួន។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមពីលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័ន និងតំណាងរដ្ឋបាលបណ្តាខេត្តតាមបណ្តោយឆ្នេរសមុទ្រ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដែលជាផែនការជំរុញការអភិវឌ្ឍខេត្តជាប់មាត់សមុទ្រ ដេីម្បីកំណេីនសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងពិនិត្យសក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន។
នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចប្រគល់ភារកិច្ចឲ្យលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួម។
លោកបានលើកឡើងថា ស្របពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី