ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ បានដឹកនាំកិច្ចប្រជុំពិនិត្យទៅលើករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានសភាពចាស់ទ្រុឌទ្រាម ក្បែរអគារវីងថៅវ័រ របស់អ្នកឧកញ៉ា គិត ម៉េង។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថា ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម។
លោកថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមន្រ្តីពាក់ព័ន្ធយកករណីអគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍។
អគារអង្គរជ័យមានកម្ពស់៦ជាន់ ស្ថិតនៅកាច់ជ្រុងមហាវិថីកម្ពុជាក្រោម និងមុនីវង្ស មានអាយុកាលជាង ៧០ឆ្នាំ និងមានប្រជាពលរដ្ឋសរុបចំនួន ៦៦គ្រួសារ។ កន្លងទៅក្រសួងរៀបចំដែនដីចាប់ផ្តើមជួបប្រជាពលរដ្ឋរស់នៅអគារចាស់នេះ ដើម្បីរកដំណោះស្រាយ ក្រោយឃើញថា អគារនោះមានសភាពទ្រុឌទ្រោម និងពុកផុយ។
កាលពីថ្ងៃទី ១៩ ខែកញ្ញា លោក សាយ សំអាល់ បានបង្ហោះសារអមដោយរូបថតលើទំព័រហ្វេសប៊ុករបស់លោកដោយសរសេរយ៉ាងដូច្នេះថា ក្រុមការងារក្រសួងរៀបចំដែនដី បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ។ ពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។
កាលពីខែសីហា ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជួបជាមួយប្រជាពលរដ្ឋរស់នៅអគារអង្គរជ័យប្រមាណជា ១០០នាក់ ដើម្បីពិភាក្សារកដំណោះស្រាយ។ លោកអភិបាលក្រុងលើកឡើងថា ដើម្បីរក្សាការពារអាយុជីវិត ប្រជាពលរដ្ឋមិនអាចរស់នៅក្នុងអគារនោះបានទៀតទេ។ លោកអះអាងថា នឹងរក្សាសិទ្ធិ និងកម្មសិទ្ធិទាំងអស់របស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី