ប្រទេសថៃ ដែលមានទំហំសេដ្ឋកិច្ចធំបំផុតទី២ ប្រចាំតំបន់អាស៊ាន បានព្យាករថា ចំណូលពីវិស័យទេសចរណ៍ នៅក្នុងថ្លៃឆ្លងឆ្នាំសកល នឹងទទួលបានច្រើនជាង ៦២ពាន់លានបាត ឬប្រហែល ១,៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។
អភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកThapanee Kiatphaibool បានមានប្រសាសន៍ថា ភ្ញៀវទេសចរណ៍បរទេសនៅក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៥ ត្រូវបានព្យាករណ៍មានចំនួន ១,៥៦លាននាក់ និងអាចផ្ដល់ចំណូលដល់វិស័យទេសចរណ៍ ៤៥ពាន់លានបាត។
ចំណែកឯភ្ញៀវទេសចរណ៍ក្នុងស្រុក ត្រូវបានសន្និដ្ឋានថា នឹងមានចំនួន ៤,៤១លាននាក់ ដែលនឹងចូលរួមអបអរពិធីបុណ្យឆ្លងឆ្នាំសកល និងអាចរកចំណូលជូនរដ្ឋបាន ១៧ពាន់លានបាតផងដែរ។
វិស័យទេសចរណ៍ថៃ កំពុងមានសន្ទុះគួរឲ្យកត់សម្គាល់ ពោលតាំងពីរដ្ឋាភិបាលបញ្ចេញផែនការ លើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន៩៣ និងមាននីតិវិធីផ្សេងៗ សម្រួលដល់ភ្ញៀវបរទេសថែមទៀត រឹតតែធ្វើឲ្យប្រទេសនេះ ក្លាយជាគោលដៅពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ។
សូមជម្រាបដែរថា ប្រទេសថៃត្រូវបានទទួលស្គាល់ដោយស្ថាប័នព័ត៌មានអន្តរជាតិ Conde Nast Traveler និងបានចាត់ទុកទីនោះថា ជាកន្លែងល្អផ្ដាច់គេទាំង ២០កន្លែង សម្រាប់ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress