នាថ្ងៃអង្គារ ទី២៤ ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា អាជ្ញាធរចិនព្រមព្រៀងបោះពុម្ភផ្សាយប័ណ្ណរតនាគារពិសេស តម្លៃ ៣ទ្រីលានយ៉ន់ ឬប្រមាណ ៤១១ពាន់លានដុល្លារនាឆ្នាំក្រោយ។


ផែនការនៃការចេញប័ណ្ណបំណុលអធិបតេយ្យភាពរបស់ចិន សម្រាប់ឆ្នាំ២០២៥ នឹងមានការកើនឡើងយ៉ាងខ្លាំង ពីតម្លៃ ១ទ្រីលានយ៉ន់នៅក្នុងឆ្នាំនេះ ដោយសាររដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមទប់ទល់នឹងការរឹតបន្តឹង និងតំឡើងពន្ធពីមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក គឺសហរដ្ឋអាមេរិក។
ប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ថា ផែនការបញ្ចេញប័ណ្ណរតនាគារពិសេសរបស់ចិន ត្រូវបានកំណត់គោលដៅក្នុងការជំរុញការប្រើប្រាស់តាមរយៈកម្មវិធីឧបត្ថម្ភធន លើកស្ទួយវិស័យអាជីវកម្ម និងការផ្តល់មូលនិធិដល់ការវិនិយោគ នៅក្នុងវិស័យកម្រិតខ្ពស់ដែលជំរុញដោយការបង្កើតថ្មី ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗទៀត។
សូមជម្រាបដែរថា ផែនការបញ្ចេញប័ណ្ណរតនាគារពិសេស ដែលគ្រោងទុកនាឆ្នាំក្រោយរបស់ចិន នឹងមានទំហំធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ និងបានគួសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការស្ម័គ្រចិត្តជាប់បំណុលកាន់តែច្រើន ដើម្បីប្រឆាំងនឹងវិបត្តិបរិត្តផរណា ដែលកំពុងកើតមាននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២៕
អត្ថបទ៖ Luffy រូបភាព៖ Reuters