កាលពីថ្ងៃសុក្រ ទី ២០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំអនុសាសន៍ទិសដៅការងារទាំង ៧ ចំណុច ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាចាប់ផ្ដើមដំណើរការ។ កិច្ចប្រជុំនាពេលនោះ មានការអញ្ជើញចូលរួមពីឯកឧត្ដមទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក. ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដមអគ្គលេខាធិការ អគ្គលេខាធិការរង ជាថ្នាក់ដឹកនាំ ក.អ.ក. សរុប ២៤ រូប។
១. បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគីរួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបាន ២ ដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសម្ដេចបវរធិបតី រៀងរាល់មួយឆ្នាំម្ដង។
២. សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្ម សម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្ត្រ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៣. រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.។
៤. រៀបចំយន្តការប្រទាក់ក្រឡាធ្វើឲ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
៥. អនុវត្តឲ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្ដុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្ដានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្ដល់សេវាសាធារណៈពាក់ព័ន្ធ។
៦. ជំរុញការរៀបចំការផ្ដល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោលដៅ និងមានភាពទាក់ទាញ ដើម្បីឲ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្ដានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ។
៧. ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្ដល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្ដល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ Chanthol Sun DPM