រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង៖ ភាពចលាចលនយោបាយ កំពុងបង្អាក់កំណើនសេដ្ឋកិច្ចក្នុងស្រុក

កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Choi Sang-mok បាននិយាយថា ការងើបឡើងយឺតនៃកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជៀសមិនផុតនោះឡើយ ដោយសារតែការកើតមានឡើងនៃភាពចលាចលផ្នែកនយោបាយ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

តាមដានជាមួយយើង៖ Million Times

លោក Choi បាននិយាយថា «ដោយសារតែបញ្ហាផ្នែកនយោបាយ កំណើនសេដ្ឋកិច្ចនាឆ្នាំក្រោយ ច្បាស់ជាមានការធ្លាក់ចុះ ខុសពីការព្យាករណ៍កន្លងទៅ។ កំណើនសេដ្ឋកិច្ចក្នុងស្រុក កំពុងត្រូវបានបង្អាក់ ដោយសារភាពវឹកវរនៃផ្នែកនយោបាយសព្វថ្ងៃ»។

ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន បានឈានដល់កម្រិតខ្សោយបំផុតក្នុងរយៈពេល ១៥ឆ្នាំ ចំពេលមានភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយក្នុងស្រុក ដែលបង្កឡើងដោយបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី០៣ ខែធ្នូ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងបានអះអាងថា រដ្ឋាភិបាលនឹងធ្វើការជាមួយធនាគារកូរ៉េ ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រែប្រួលខ្លាំងណាមួយនៅក្នុងទីផ្សារប្តូរប្រាក់បរទេស៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg