គិតត្រឹមដំណាច់ខែវិច្ឆិកា ២០២៤ នេះ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ប្រមាណជាង ៨៥០ លានដុល្លារ ស្មើប្រមាណ ១.៥% នៃទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ ដែលបានជួយ សម្រួលបន្ទុកចំណាយដល់អ្នកជាប់កម្ចី។


ក្នុងបទបង្ហាញមួយលោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកជាប់កម្ចីប្រមាណជាង ៥៣ ០០០ នាក់ ស្មើនឹងជាង ៥៧ ០០០ គណនី ត្រូវបានរៀបចំឥណទានឡើងវិញ។
អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុរូបនេះ បានពន្យល់ថា តាមរយៈទិន្នន័យខាងលើបង្ហាញថា ការរៀបចំឥណទានឡើងវិញក្នុងដំណាក់កាលនេះ នៅមានកម្រិតទាបនៅឡើយ បើធៀប នឹងវិធានដែលធនាគារជាតិ បានដាក់កាលពីអំឡុងរីករាលដាលជំងឺកូវីដ-១៩ មានជាង១០%។

ការរៀបចំឥណទានឡើងវិញជូនអតិថិជន នៅមានកម្រិតទាបនៅឡើយ ដោយសារការអនុវត្តនៅមានរយៈពេលខ្លី ដែលទើបតែបាន ៣ ខែខណៈអ្នកជាប់កម្ចីមួយចំនួនទៀត គ្មានលទ្ធភាពបង់ មិនចង់ទៅស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារខ្លាចជាប់ឈ្មោះនៅក្នុង CBC។
លោកស្រីក៏បានវាយតម្លៃថា ស្ថានភាពវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ បើទោះបីជាមានកំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ ការថយចុះនៃការផ្ដល់ឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ ព្រោះធនាគារនៅតែរស់នៅបាន តាមរយៈការទទួលបានប្រាក់ចំណេញ។
សូមជម្រាបផងដែរ ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានចេញសារាចរណែនាំ ឲ្យបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដល់អតិថិជន ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ រហូតដល់ដំណាច់ឆ្នាំ ២០២៥៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ AMS និង Center for Banking Studies